យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ប្រព្រឹត្តទៅបាន ៥ថ្ងៃហើយ។ នៅខេត្តមណ្ឌលគិរី មន្ត្រីពន្ធនាគារខេត្តមួយរូបចោទប្រកាន់ប្រធានពន្ធនាគារខេត្ត ថាមិនព្រមចុះហត្ថលេខាអនុញ្ញាតច្បាប់ឈប់ពិសេសសម្រាប់មន្ត្រីរាជការដែលឈរឈ្មោះជាបេក្ខជនបានចូលរូមឃោសនាបោះឆ្នោតនោះឡើយ។ ករណីនេះគឺជាការរំលោភទៅលើគោលការណ៍ណែនាំ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុក នៃគណបក្សសង្គ្រោះជាតិខេត្តមណ្ឌលគិរី លោក សេង លី នៅថ្ងៃច័ន្ទ ទី៥ ខែឧសភា ហៅទង្វើប្រធានពន្ធនាគារខេត្តថាជាចេតនារើសអើងនយោបាយ។
លោក សេង លី ជាឆ្មាំពន្ធនាគារ ខេត្តមណ្ឌលគិរី រៀបរាប់ថា លោកបានព្យាយាមបំពេញឯកសារសុំច្បាប់ពិសេសចំនួន ៣លើកចាប់ពីតាំងពីដើមខែមេសា រហូតមកទល់នឹងថ្ងៃទី៥ ខែឧសភាពីប្រធានអង្គភាព ក៏ប៉ុន្តែប្រធានពន្ធនាគារបានព្យាយាមប្រើល្បិចកលអូសបន្លាយពេល មិនព្រមអនុញ្ញាតច្បាប់ឲ្យលោកបានទៅចូលរួមឃោសនាបោះឆ្នោតនោះឡើយ។ លោកកត់សំគាល់ថា នេះជាចេតនាថ្មីមួយទៀត ដែលមន្ត្រីពន្ធនាគារនៃគណបក្សប្រជាជនប្រើអំណាច រំលោភសិទ្ធិលោកជាមន្ត្រីរាជការដែលមាននិន្នាការគណបក្សប្រឆាំង តាំងពីយុទ្ធនាការបោះឆ្នោតជាតិអាណត្តិទី៤ មក៖ «ថ្ងៃទី២ ខែ៤ លើកទី១ហ្នឹងគេអត់ស៊ីញ៉េទេគេថាខ្ញុំក្លែងបន្លំឯកសារ។ លើកទី២គេអត់មកធ្វើការ ៣ថ្ងៃ ខ្ញុំរង់ចាំ៣ព្រឹកអត់ឃើញ។ ព្រឹកមិញខ្ញុំឲ្យកូនខ្ញុំទៅ គេឲ្យខ្ញុំទៅជួបទៀត ហើយខ្ញុំទៅជួបគេ អត់នៅកន្លែងធ្វើការទេ គេទៅម៉ោង៩»។
ឆ្លើយតបការចោទប្រកាន់នេះ ប្រធានពន្ធនាគារខេត្តមណ្ឌលគិរី លោក អាន គឹមឡេង បដិសេធថា នេះគឺជាការចោទប្រកាន់គ្មានហេតុផលត្រឹមត្រូវ។ លោកបញ្ជាក់ថា លោក សេង លី ជាបុគ្គលិករាជការមិនគោរពវិន័យនិងសហលក្ខន្តិកៈមន្ត្រីរាជការ មិនមកបំពេញការងារចាប់ពីថ្ងៃទី៩ ខែមេសា រួមទាំងមិនបានជូនដំណឹង ឬសុំច្បាប់អនុញ្ញាតពីអង្គភាពញឹកញាប់។ លោកកត់សំគាល់ថា ឯកសារបញ្ជីឈ្មោះបេក្ខជនរបស់លោក សេង លី ជាឯកសារថតចម្លង ទើបលោកតម្រូវឲ្យលោក សេង លី សុំការបញ្ជាក់ពីគណៈកម្មការខេត្តរៀបចំការបោះឆ្នោត។ ដោយឡែកទៀតលោក សេង លី ធ្វេសប្រហែសខ្លួនឯងអូសបន្លាយពេលហួសការណែនាំរបស់គជប ទើបលោកមិនយល់ព្រមចុះហត្ថលេខាលើលិខិតឈប់ពិសេសនោះ៖ «ខ្ញុំប្រាប់តាមកូនគាត់ថាឥឡូវនេះច្បាប់ហ្នឹង ខ្ញុំមិនមែនមិនស៊ីញ៉េឲ្យច្បាប់ហ្នឹងដាក់មកខ្ញុំត្រូវទទួលតម្កល់ទុកនៅកន្លែងខ្ញុំ ប៉ុន្តែឲ្យលោក សេង លី ហ្នឹងគាត់ចូលមកអង្គភាពសិន ដើម្បីខ្ញុំធ្វើការជាមួយគាត់ថា កន្លងទៅគាត់មានបញ្ហាអ្វីខ្លះ កុំឲ្យគាត់ចេះតែរាយការណ៍ទៅមេដឹកនាំគាត់ថាខ្ញុំហ្នឹងមិនស៊ីញ៉េឲ្យ។ បែបបទរបស់គាត់ធ្វើអត់ទាន់បានត្រឹមត្រូវតាមណែនាំរបស់ខ្ញុំផងហ្នឹង»។
ការឃោសនាបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី ខេត្តក្រុង ស្រុក ខណ្ឌមានរយៈពេល១៥ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី២ រហូតដល់ថ្ងៃទី១៦ ខែឧសភា។ គ.ជ.ប បានកំណត់ឲ្យមន្ត្រីរាជការដែលបានឈរឈ្មោះជាបេក្ខជន សម្រាប់ការបោះឆ្នោតត្រូវសុំច្បាប់ពិសេសពីសាមីអង្គភាព ៧ថ្ងៃមុនការឃោសនាដើម្បីមានសិទ្ធិចូលរួមឃោសនាបោះឆ្នោតបាន។
ទាក់ទិនករណីនេះដែរ ប្រធានគណៈកម្មការរៀបចំការបោះខេត្តមណ្ឌលគិរី លោក គិន ជាន អះអាងថាបានអន្តរាគមន៍តាមទូរស័ព្ទទៅប្រធានពន្ធនាគារ និងបានបញ្ជាក់លើឯកសាររបស់លោក សេង លី ដើម្បីបំពេញបែបបទសុំច្បាប់ឈប់ពិសេសនេះ ក៏ប៉ុន្តែលោកបានទទួលសេចក្ដីរាយការណ៍ពីប្រធានអង្គភាពថា លោក សេង លី មិនព្រមមកការិយាល័យតាមការអញ្ជើញរបស់ប្រធានអង្គភាពនោះឡើយ។
យ៉ាងណាលោកបន្តថានឹងជួយអន្តរាគមន៍បន្ថែមទៀត ដើម្បីឲ្យប្រធានពន្ធនាគារអនុញ្ញាតច្បាប់ជូនមន្ត្រីរាជការបានចូលរួមឃោសនាបោះឆ្នោតស្របតាមការកំណត់របស់គជប៖ «ជាទូទៅថាខុសនីតិវិធីវាមិនមែនទេ ចាំមើលខ្ញុំឲ្យមន្ត្រីខ្ញុំទាក់ទង អ៊ីចឹងបើគាត់បានសុំច្បាប់ក្នុងអំឡុងពេលហ្នឹង បើសុំច្បាប់ក៏មិនមានបញ្ហាអ្វីដែរឲ្យតែអង្គភាពគេអនុញ្ញាតទៅ»។
ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ឧសភា ខាងមុខជាលក្ខណៈអសកល។ មន្ត្រីគ.ជ.បឲ្យដឹងថា ការិយាល័យបោះឆ្នោត មានចំនួន ១៩៧ និងអ្នកបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ សរុបទាំងអស់មានជាងមួយម៉ឺននាក់ ( ១១.៤៥៩នាក់)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។